ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម ផានីយ៉ារ៉ាក់ ផូលធូប (PANYARAK POOL- THUP) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម ផានីយ៉ារ៉ាក់ ផូលធូប (PANYARAK POOL- THUP) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធម្មការ និងសាសនា។ នៅក្នុងឱកាសនោះផងដែរ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា ថៃ ជាពិសេសចាប់តាំងពីផ្តើមអាណត្តិការងារជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ឡង់ដ៏របស់ឯកឧត្តម ផានីយ៉ារ៉ាក់ ផូលធូប (PANYARAK POOL- THUP)នៅកម្ពុជាមួយរយៈពេលកន្លងមកនេះ ដែលនាំឱ្យសង្កេតឃើញនូវវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមថាការទំនាក់ទំនងដ៏ល្អនេះ ជាពិសេសនៅក្នុងអាណត្តិការងាររបស់ឯកឧត្តម ផានីយ៉ារ៉ាក់ ផូលធូប (PANYARAK POOL- THUP) នឹងនៅតែបន្តរីកចម្រើនទៅមុខបន្ថែមទៀត។ ជាការឆ្លើយតបចំពោះប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម ផានីយ៉ារ៉ាក់ ផូលធូប (PANYARAK POOL- THUP) ឯកអគ្គរដ្ឋទូត មានប្រសាសន៍ឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមរដ្ឋមន្រ្តីទៅលើការទំនាក់ទំនងជារួមរវាងប្រទេសទាំងពីរ។ នៅក្នុងកិច្ចជំនួបពិភាក្សានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម ផានីយ៉ារ៉ាក់ ផូលធូប (PANYARAK POOL- THUP) ឯកអគ្គរដ្ឋទូត មានគោលបំណងដូចខាងក្រោម៖

១. រឹតចំណងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អលើគ្រប់វិស័យកម្ពុជា-ថៃ ដែលមានជាច្រើនឆ្នាំមកហើយ។

២. អបអរសាទរខួបទី៧០ឆ្នាំ នៃចំណងមិត្តភាពកម្ពុជា-ថៃ។

៣. ផ្លាស់ប្ដូរព័ត៌មានពីគ្នា លើបញ្ហាcovid-19 នៃប្រទេសទាំងពីរ ។

៤. ពិភាក្សាអំពីការរៀបចំពិធីបុណ្យកឋិនព្រះរាជទ្រព្យ ព្រះមហាក្សត្រថៃ ជារៀងរាល់ឆ្នាំ ដែលឆ្នាំនេះគ្រោងនឹងរៀបចំនៅវត្តឥណ្ឌូកម្ពុជា សង្កាត់ព្រៃស រាជធានីភ្នំពេញ នាខែតុលា ខាងមុខនេះ និងគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ចូលរួមក្នុងពិធីបុណ្យនេះផងដែរ។

Flag Counter